សាងខ្លួនឯង


ប្រកាន់យកនូវព្រហ្មវិហារធម៌៤យ៉ាង៖

  1. មេត្តា​ : ផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វ
  2. ករុណា : ផ្សាយសេចក្តីអាណិតទៅរកសព្វសត្វ
  3. មុទិតា : ផ្សាយអំណរទៅរកសព្វសត្វ ដែលបានសេចក្តីសុខចម្រើន គឺមានអំណរពេលឃើញគេបានសុខចម្រើន
  4. ឧបេក្ខា : ផ្សាយសេចក្តីស្មោះស្មើទៅរកសព្វសត្វ

លះបង់នូវអកុសលកម្ម៣យ៉ាង៖

  1. លោភៈ (ការចង់បានអ្វីមួយហួសពីសមត្ថភាព)
  2. ទោសៈ (ទោសកើតឡើងពីការខឹងសម្បារ គ្មានហេតុផលច្បាស់លាស់ បណ្តាលឲ្យខាតប្រយោជន៍
  3. មោហៈ (កង្វះវិចារណញ្ញាណ ឆោត ល្ងង់)

សម្បទា៤យ៉ាងសំរាប់ធ្វើអោយមនុស្សយើងរុងរឿង៖

  1. ឧដ្ឋានសម្បទា       : ប្រឹងប្រែងព្យាយាមធ្វើការឆ្ពោះទៅរកផែនការគោលដៅ
  2. អរក្ខសម្បទា          : រក្សាទ្រព្យដែលរកបានអោយគង់វង្ស
  3. កល្យាណមិត្តតា    : មានមិត្តល្អគ្រប់ទីកន្លែង
  4. សម្មជីវតា               : ចិព្ចឹាមជីវិតយ៉ាងត្រឹមត្រូវតាមគោលការណ៍ច្បាប់ មិនរំលោភបំពាន លើសេចក្តីសុខអ្នកដ៏ទៃ

ការប្រតិបត្តិឥទ្ធិបាទធម៌៤យ៉ាងដើម្បីឆ្ពោះទៅរកការសំរេចផែនការគោលដៅតាម មុខងារតួនាទី៖

  1. ឆន្ទ:     (ស្រលាញ់ គោរពការងារ និងតួនាទីរបស់ខ្លួន)
  2. វិរិយ:   (មានសេចក្តីព្យយាមប្រឹងប្រែងក្នុង្ឲការងារតួនាទីរបស់ខ្លួន)
  3. ចិត្ត:     (ស្មោះត្រង់ និងផ្តោតអារម្មណ៍ដាក់ចិត្តបំពេញការងារតាមមុខងារតួនាទីរបស់ខ្លួន)
  4. វិមំសា  (ត្រួតមើលស្នាដៃដែលបានធ្វើ ដើម្បីកែតម្រូវ និងអភិវឌ្ឃន៍អោយទាន់សម័យជានិច្ច)

គុណសម្បត្តិសំខាន់ៗ ៥យ៉ាង ដើម្បីក៏សាងខ្លួនអោយទទួលបានជោគជ័យ៖

(ដកស្រង់ចេញពីសៀវភៅសាងខ្លួនឯង ដោយ ស៊ា ប៊ុនភេង ពស២៥១៨ គស១៩៧៣)

  1. គោលបំណង
  2. ភាពជាអ្នកមានចិត្តរឹងបុឹង
  3. សមាធិ
  4. ការជឿជាក់លើខ្លួនឯង
  5. មនោមយិទ្ធិ

លំអិតអំពីគុណសម្បត្តិ៥យ៉ាងខាងលើ៖

  • គោលបំណង គឺប្រៀបដូចការដើរផ្លូវឆ្ងាយដែលយើងត្រូវដឹងថានឹងទៅតាមផ្លូវណា។ បើយើងចេញដំណើរទៅតាមយថាកម្ម នោះយើងច្បាស់ជាមិនដឹងទៅដល់ទីណាឡើយ។ មនុស្សយើងកាលធំឡើង ជិវិតក៏រឹតតែកន្លងទៅដោយឆាប់រហ័ស។ ដុចយើងឃើញហើយថា ក្នុងរយ:វេលាតាំងតែពីដឹងក្តីរហូតដល់អាយុ២០ឆ្នាំ ពេលវេលាកន្លងទៅយឺតៗប្រាកដហាក់ដូចជាជីវិតរបស់មនុស្សយើងវែងយឺនយូរគ្មានទីបំផុត។ តែរំលងពី២០ឆ្នាំឡើងទៅ ហាក់ដូចជាលឿនឡើងរៀងរាល់ថ្ងៃ។ កាលបើមានបំណងជ្រើសរើសយកផ្លូវណាមួយហើយ ត្រូវមានសេចក្តីត្រូវការយ៉ាងខ្លាំងក្លាក្នុងផ្លូវនោះ។ រីឯការកំណត់គោលបំណងនោះទៀតសោត យើងត្រូវកំណត់ (១)ទីដៅដែលយើងត្រូវការនោះតែម៉្យាង និង(២)ត្រូវកំណត់អោយខ្ពស់បន្តិច ដូចជាយើងត្រូវការអោយអាជីវកម្មរបស់យើងទទួលបានចំណេញ១០លានរៀលក្នុង១ខែ ដូចេ្នះយើងត្រូវកំណត់ផែនការចំណេញនោះអោយខ្ពស់ជាង១០លានរៀល ដូចគ្នានឹងការបាញ់កាំភ្លើងសុីប ដែលនៅក្នុងរយ:ឆ្ងាយ  អ្នកបាញ់ត្រូវប្រកាន់លក្ខ័ណ២: ១ គឺតាំងចិត្តអោយត្រូវចំកណ្តាលសុីប និង២ តម្រង់ចុងកាំភ្លើងអោយឡើងងើយបន្តិច ព្រោះរយ:ឆ្ងាយនោះគ្រាប់កាំភ្លើងអាចរត់ទាបចុះបាន។ ហើយគោលបំណងដែលបានកំណត់នោះ ត្រូវជឿជាក់ប្រាកដថាអាចនឹងទៅរួច ហើយការដែលប្រព្រឹត្តទៅរួចនោះ ត្រូវអាស្រ័យលើខ្លួនរបស់ផងខ្លួន។
  • ភាពជាអ្នកមានចិត្តរឹងបុឹង គឺជាគុណសម្បត្តិដ៏សំខាន់បំផុតក្នុងខ្លួនវីរបុរស រឺមហាបុរស។ តែមនុស្សមួយចំនួនយល់ខុសចំពោះអត្ថន័យរបស់វា ដោយយល់ច្រឡំថាជាភាពក្បាលរឹង។ ក្មេងខ្លះ រឺអ្នកតូចខ្លះយល់ខុសរហូតដល់ប្រព្រឹត្តអំពើរឹងថ្អឹងចំពោះអ្នកធំ ដោយហ៊ានអួតអាងថាអាចធ្វើអោយអ្នកធំក្រែងខ្លាច ដូចជាថា “ថ្ងៃនេះផ្ចាញ់លោកនាយទាល់តែហារមាត់ពុំរួច” ជាពាក្យដែលយើងតែងបានឭជាញយៗ ដោយអ្នកនិយាយនោះយល់ថា អ្នកស្តាប់ និងអ្នកនិយមមើលឃើញថាខ្លួនជាអ្នកពូកែ។ តែការពិតជាសេចក្តីល្ងង់ខ្លៅមិនយល់ការ។ ភាពជាអ្នកមានចិត្តរឹងបុឹងក្នុងន័យដ៏ត្រឹមត្រូវបំផុតនោះគឺ រឹងបុឹង តែមិនរឹងថ្អឹង, ទន់ភ្លន់ តែមិនទន់ជ្រាយ។ លក្ខណៈរបស់មនុស្សដែលមានចិត្តរឹងបុឹងនោះមាន៤ គឺ៖ ១,មិនចេះពោលរអ៊ូរទាំ រឺថ្ងូរ ២,មិនត្រូវការចង់ដឹងថា អ្នកដ៏ទៃនឹងគិតពីខ្លួនថាយ៉ាងដូចម្តេច។ ៣,មិនប្រាប់អាថ៌កំបាំងរបស់ខ្លួនដល់អ្នកដ៏ទៃ និងមិនត្រូវការចង់ដឹងអាថ៌កំបាំងរបស់អ្នកដ៏ទៃ។ ៤,មិនគិតថាខ្លួនជាមនុស្សមានគ្រោះអាក្រក់ អាចនឹងនាំយកហេតុការណ៍ផ្សេងៗមកធ្វើជាប្រយោជន៍ដល់ខ្លួនបានទាំងអស់។ ក្រៅពីលក្ខណៈទាំង៤ប្រការនេះ មនុស្សដែលមានលក្ខណៈរឹងបុឹង គឺមានលក្ខណៈដែលយើងអាចកត់សំគាល់បានដ៏ទៃទៀតគឺ ជាមនុស្សមិនកពា្ឆក់កញ្ឆែង ចលនាគ្រប់យ៉ាងរបស់រាងកាយ សូម្បីតែចោលភ្នែកមើលអ្វី ក៏សុទ្ធតែមានការត្រិះរិះហើយទើបធ្វើ ឥតមានធ្វើកាយវិការក្នុងឥរិយាបថដែលឥតប្រយោជន៍នោះទេ បើធ្វើចលនាឥរិយាបថណាមួយ គឺធ្វើទៅដោយប្រុងប្រយ័ត្ន បើឈរក៏ឈរដាក់ទម្ងន់ជើងទាំងពីរស្មើគ្នា ពុំមែនធ្ងន់មួយស្រាលមួយ រឺឈរជើងតែមួយ ហើយជើងមួយទៀតផ្អែកលើអ្វីមួយនោះទេ ការនិយាយស្តីច្បាស់ៗ មិនញាប់ខ្លះ រង្វើលខ្លះឡើយ មានសេចក្តីថាឥរិយាបថគ្រប់យ៉ាងនឹងន៎ជានិច្ច។
  • សមាធិ មានសេចក្តីថា ការតាំងចិត្តមានក្នុងវត្ថុតែមួយដែលយើងធ្វើ។ មនុស្សដែលមានសមាធិ តែងអាចទាត់ចេញនូវការគិតដ៏ទៃៗទៀតដែលមិនត្រូវការនោះ ចេញបានអស់ ហើយនឹងបង្រួមកំលាំងប្រាជ្ញាមកប្រើក្នុងរឿងតែមួយក្នុងគ្រាតែមួយ គឺប្រៀបដូចកញ្ចក់ស្រូបកំដៅ ធ្វើអោយក្តៅឆេះជាភ្លើងបាន គឺត្រូវដាក់អោយចំកន្លែងដែលមានកំដៅនឹងតែមួយកន្លែង យ៉ាងណាមិញ ចិត្តមនុស្សក៏ដូច្នោះដែរ។ ដូចជាមនុស្សដែលដេកមិនលក់ ហើយរាងកាយដែលត្រូវការសំរាក បែជាមិនបានសំរាក ទីបំផុតខឹងនឹងខ្លួនឯងថា ដេកមិនលក់ទាល់តែយប់ជ្រុល ដល់ភ្ញាក់ឡើង ហេវ គ្មានកំលាំងគ្រប់គ្រាន់ នឹងធ្វើការតទៅទៀត ដូចនេះព្រោះមកពីខ្វះសមាធិ។ ចំពោះមនុស្សដែលមានសមាធិល្អនោះ ចង់អោយដេកលក់ពេលណា ភ្ញាក់ពេលណាក៏បានតាមចិត្ត នោះរាងកាយក៏ទទួលបានការសំរាកដ៏ល្អ ភ្ញាក់ព្រលឹមឡើងខួរក្បាលភ្លឺស្វាងស្រឡះ ប្រកបកិច្ចការប្រចាំថ្ងៃអោយសំរេចដោយប្រពៃជាទីបំផុត។ វិធីហាត់ចិត្តអោយមានសមាធិនោះ យើងអាចហាត់បានគ្រប់ពេល តាមធម្មតាមនុស្សយើងមានការងារប្រភេទខ្លះចូលចិត្តធ្វើ និងមិនចូលចិត្តធ្វើ ដូច្នេះយើងសន្មតថាមានលិខិត៣រឿង ដែលយើងត្រូវសរសេរ ២រឿងជារឿងដែលយើងចូលចិត្ត ចាប់ធ្វើភ្លាមបានមួយរំពេច ហើយរឿងមួយទៀតដែលយើងមិនចូលចិត្តទុកធ្វើតាមក្រោយ ហើយចេះតែទុករំលងពីមួយថ្ងៃទៅមួយថ្ងៃ យូរៗទៅរឿងមិនប្រញ៉ាប់ក៏ក្លាយជាប្រញ៉ាប់ ទាល់តែកើតរឿងរ៉ាវឡើងទើបស្តាយក្រោយថា បើធ្វើអោយហើយម្លែះសមល្អ។ ហេតុដូច្នេះទើបលោកប្រដៅថាបើមានកិច្ចការច្រើនយ៉ាងមកដល់ព្រមគ្នា ហើយមិនសូវប្រញ៉ាប់ជាងគ្នាទេ លោកអោយជ្រើសរើសយកកិច្ចការដែលយើងមិនចូលចិត្តនោះមកធ្វើមុន ការដែលលោកប្រដៅដូច្នេះ ដើម្បីប្រយោជន៍២យ៉ាងគឺ៖ ដើម្បីបង្ខំចិត្តបង្គាប់អោយធ្វើការនោះអោយផុតទៅ ដែលជាគ្រឿងអោយកើតសមាធិម្យ៉ាង ហើយម្យ៉ាងទៀតដើម្បីអោយចេះបំពារចិត្តខ្លួនឯង ដែលជាគ្រឿងធ្វើអោយកើតលក្ខណៈរឹងបុឹង។ លោកប្រដៅម្យ៉ាងទៀតថា អោយយកទឹកដាក់កែវ ហើយឈរទ្រលើកឡើង ដោយសំឡឹងមើលក្នុងកែវ ព្យាយាមបង្គាប់ចិត្តអោយស្ងប់បង្គាប់ដៃអោយហ្នឹង ទាល់តែទឹកក្នុងកែវមិនក្រឡក។ គ្រាដំបូងគ្មានមនុស្សណាធ្វើអោយទឹកហ្នឹងបានទេ ទឹកតែងតែក្រឡកជានិច្ច តែកាលបើព្យាយាមធ្វើអោយបានច្រើនថ្ងៃទៅ ទឹកក្នុងកែវនៅហ្នឹង ក្រឡកតិចចុះម្តងបន្តិចៗទាល់តែហ្នឹងបាន។
  • ការជឿជាក់លើខ្លួនឯង គឺជាជំនួយដែលចេញមកពីខាងក្នុង តែងមានកំលាំងខ្លាំងមិនប្រែប្រួល និងជាការជួយខ្លួនឯង ដូចភាសិតរបស់ ព្រះពុទ្ធសាសនាខ្មែរយើងថា “អត្តាហិ អត្តនោ នាថោ”។ គ្មានអ្វីក្នុងលោកនេះ ដែលរារាំងការចំរើនរបស់មនុស្សស្មើនឹងការមិនទុកចិត្តចំពោះខ្លួនឯងទេ។ ការធ្វើអ្វីគ្រប់យ៉ាង បើយើងចាំប្រឹក្សានឹងជនដែលយើងស្គាល់ និងត្រូវស្តាប់ការយល់ឃើញរបស់ជនទាំងឡាយនោះ យើងក៏មិនអាចធ្វើការនោះបានឡើយ ព្រោះគ្មានកិច្ចការណាក្នុងលោកនេះ បានទទួលការយល់ឃើញស្របគ្នាពីជនគ្រប់រូបឡើយ។ ការមិនទុកចិត្តចំពោះខ្លួនឯងនោះ ជាហេតុមួយដែលនឹងនាំអោយ អន្តរាយ និងការហិនហោចមកដាក់ខ្លួន។ ជនដែលគិតថាខ្លួននឹងធ្វើខុស ច្រើនតែធ្វើខុសមែន។ ជនដែលខ្លាចធ្វើអ្វីខុស ច្រើនតែធ្វើខុសមែន។ ឧទាហរណ៍យើងយកក្តារមួយបន្ទះដាក់ជាស្ពាន ខ្ពស់ផុតពីដីចំនួនមួយហត្ថ ហើយសាកល្បងដើរលើស្ពានឆ្លងទៅមកដោយឥតធ្លាក់ និងមិនភ័យខ្លាច ដោយអាចយកក្រណាត់ចងរុំភ្នែកដើរឆ្លងក៏បាន នេះព្រោះមានជំនឿក្នុងខ្លួនថាមិនធ្លាក់ និងមិនខ្លាចផង។ ឥឡូវយើងសាកល្បងយកក្តារបន្ទះនោះ ដាក់ឆ្លងលើផ្ទះថ្មដែលមានកំពស់៤ជាន់ ហើយសាកល្បងដើរឆ្លងមើល នោះយើងនឹងមិនហ៊ានដើរឆ្លងទេ ព្រោះមិនមានការទុកចិត្តខ្លួនឯងថា ដើរឆ្លងទៅបានដោយមិនធ្លាក់។ តែបើជាងឈើជាងកំបោរអាចដើរឆ្លងបានយ៉ាងស្រួល ដូចខ្ពស់ពីដីប្រហែលមួយហត្ថ នេះក៏ព្រោះពួកនោះមានករជឿជាក់ក្នុង ចិត្ត និងមិនខ្លាចធ្លាក់នោះឯង។ អ្នកដែលគ្មានជំនឿក្នុងខ្លួនឯង នោះនឹងគ្មានឪកាសធ្វើអ្វីបានឡើយក្នុងលោកនេះ។
  • មនោមយិទ្ធិ មានលក្ខណៈប្រហាក់ប្រហែលនឹងភាពជាអ្នកមានចិត្តរឹងបុឹង តែខសំខាន់ដែលខុសគ្នានៅត្រង់ចិត្តរឹងបុឹងជាផ្នែកខាងទប់ទល់ រីឯនោមយិទ្ធិ ជាផ្នែកខាងលុក។ មនោមយិទ្ធិជាគ្រឿងនាំអោយសំរេចផលដែលត្រូវការ។  គឺជាអំណាចដែលទាក់ទាញយកផលដែលត្រូវការមកអោយយើង និងជាគ្រឿងបញ្ជាសត្រូវអោយចុះចាញ់យកជ័យជំនះបានដោយកំលាំងដួងចិត្ត។ មនោមយិទ្ធិជាអំណាចពិសេសកើតចេញពីកំលាំងដួងចិត្តរបស់យើង។ យើងអាចមានមនោមយិទ្ធិបានតាម២ផ្លូវ គឺមាននៅក្នុងខ្លួនតាំងពីកំណើត និងមានដោយការហ្វឹកហាត់បណ្តុះឡើងដោយខ្លួនឯង។ មនុស្សខ្លះ យើងអាចហៅបានថាកើតមកជានាយមនុស្ស ហើយមនុស្សប្រភេទនេះមាននិស្ស័យខ្លាំងក្លាមកតាំងតែពីតូច កាលបើត្រូវការអ្វីហើយ ត្រូវយកអោយទាល់តែបាន។ តែយ៉ាងណាក៏ដោយ មនោមយិទ្ធិ ជារបស់ដែលអាចបណ្តុះអោយមានឡើងក្នុងខ្លួន ហើយអ្នកប្រាជ្ញទាំងឡាយអះអាងថា បើយើងបណ្តុះអោយត្រូវវិធីហើយនោះ នឹងប្រើបានយ៉ាងល្អក្រៃលែងជាងដែលមានមកពីកំណើតទៀតផង។ ចំណែកវិធីដែលបណ្តុះនោះ តាមពិតមិនសូវជាលំបាកទេ តែមនុស្សយើងច្រើនធ្វើមិនបាន ព្រោះខ្ជិលច្រអូស និងមិនជឿតែម្តង។ វិធីដែលល្អបំផុតដែលគេចែងទុកនោះគឺថា ការធ្វើអ្វីៗគ្រប់យ៉ាងអោយមានសេចក្តីត្រូវការជាប្រាកដប្រជា។ ឧទាហរណ៍យើងចាប់សៀវភៅឡើងអាន ក៏អោយគិតថា ត្រូវអានសៀវភៅនោះអោយចប់ ត្រូវយល់សេចក្តីក្នុងសៀវភៅនោះទាំងអស់ ត្រូវចាំសាច់រឿងអោយបាន។ នេះមិនមែនជាការងាយ ដូច្នេះមិនត្រូវមើលឃើញថាជារបស់ងាយរហូតទាល់តែ ជាហេតុអោយមើលងាយថាមិនបានផលអ្វី ហើយមិនធ្វើតាម។ លោកទូន្មានថា បើឃើញថាជារបស់ងាយត្រូវល្បងធ្វើមើលនឹងដឹងភ្លាមថា មិនមែនងាយដូចយើងនឹកនោះទេ ហើយវិធីដែលពោលពីខាងដើមនោះ កាលបើព្យាយាមធ្វើគ្រប់ឥរិយាបថហើយ នឹងមានគុណប្រយោជន៍ជាច្រើន គឺការពារមិនអោយយើងគ្មានសម្បជញ្ញៈ ធ្វើអ្វីៗដោយគ្មានចិត្តគ្រប់គ្រង និងធ្វើអោយដួងចិត្តយើងមានអំណាចជានាយលើវត្ថុសព្វយ៉ាង ធ្វើអោយមានលក្ខណៈ មាំទាំរឹងបុឹងឡើងគ្រប់ពេល។ យើងគង់ធ្លាប់បានជួបមនុស្សខ្លះ ដែលមានចិត្តជានាយ ដែលធ្វើអោយយើងញញើត ចំពោះមុខជនមានអំណាច ដូច្នេះយើងក៏ក្លាយជាស្រមោចមួយ ចំណេះដឹងទាំងឡាយដែលយើងបានរៀនដឹងក៏លិចបាត់អស់ មិនអាចលើកយកមកជជែកយកឈ្នះជននោះបានឡើយ ហើយរឿងដែលយើងមិនគួរយល់ស្របសោះ យើងត្រឡប់ជាយល់ស្រប យើងជាមនុស្សធ្វើត្រូវពិតៗ ត្រឡប់ជាត្រូវទទួលខុស តែកាលបានចេញមកផុត ពីមុខជននោះហើយ យើងទើបគិតឃើញ ខួរក្បាលភ្លឺស្វាង បើក្រៅពីមនុស្សនោះយើងគង់តែនឹងយកឈ្នះបានដោយពិតៗ។ ហេតុការណ៍នេះយើងគង់ធ្លាប់បាន ជួបប្រទះមកជាច្រើនហើយ បើទុកជាយើងរៀនសូត្រមានចំណេះចេះដឹងពូកែជាងគេប៉ុណ្ណា យើងក៏គង់ត្រូវចាញ់គេដដែល មានតែផ្លូវមួយដែលយើងអាចនឹង យកឈ្នះជនប្រភេទនេះបាន គឺត្រូវបណ្តុះ មនោមយិទ្ធិ អោយកើតឡើងក្នុងខ្លួនយើង អោយយើងមានអំណាចដូចគេ ហើយកាលនោះឯងយើងនឹងមានអាវុធ ដូចគ្នានឹងគេ រឺអាចល្អជាងក៏មាន។

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s